សម្ដេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យ ឯកអគ្គរាជទូត កាតា(Qatar) ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ....
សមាគមសេរីភាពអ្នកសារព័ត៌មានកម្ពុជា (www.afcj-news.com) សូមគោរពនិងជំរាបសួរ ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ដែលតែងតែនិយមវិស័យព័ត៌មានអនឡាញជាទីមេត្រី ខ្ញុំបាទ មានឧត្តមគតិជាអ្នកស្រលាញ់ប្រទេសជាតិ និងវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ពិតប្រាកដ សូមជួយ like ជួយ share ផង ពុកម៉ែបងប្អូនដើម្បីសង្គមជាតិ មាតុភូមិរបស់យើងទទួលបានព័ត៌មានទាំងអស់គ្នាណា។ សូមអរគុណ...!

សម្ដេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យ ឯកអគ្គរាជទូត កាតា(Qatar) ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ....

នៅព្រឹកថ្ងៃពុធ ១ កើត ខែពិសាខ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២៤ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា អនុញ្ញាតឱ្យ ឯកឧត្តម Khalid Ali Abdullah Abel ឯកអគ្គរាជទូតនៃរដ្ឋកាតា(State of Qatar) ប្រចាំព្រះរាជាណាចក្រកម្ពុជា ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅវិមានព្រឹទ្ធសភា រាជធានីភ្នំពេញ ។



 ជាកិច្ចចាប់ផ្ដើម បន្ទាប់ពីបានសម្តែងការស្វាគមន៍យ៉ាងកក់ក្តៅចំពោះ ឯកឧត្តម ឯកអគ្គរាជទូតដែលបានធ្វើដំណើរមកកម្ពុជា សម្តេចតេជោ ប្រធានព្រឹទ្ធសភា បានមានប្រសាសន៍ថា កាតា មានថវិកាច្រើនគួរតែបើកស្ថានទូតផ្ទាល់នៅកម្ពុជា ប្រសើរជាជាងមាននិវេសដ្ឋាននៅប្រទេសផ្សេង ។


 សម្តេចតេជោ បានរំឭកថា នៅពេលសម្ដេចនៅជានាយករដ្ឋមន្ត្រី សម្តេចពុំមានពេលគ្រប់គ្រាន់ក្នុងការទទួលទូតដែលគ្មាននិវេសដ្ឋាននៅកម្ពុជានោះទេ ។


 សម្ដេចតេជោ បានលើកឡើងថា នៅឆ្នាំ២០០៨ ដែលព្រះអង្គម្ចាស់នាយករដ្ឋមន្ត្រីរបស់កាតា បានមកបំពេញព្រះរាជទស្សនកិច្ចនៅកម្ពុជា គឺជាពេលដែលយើងបានចាប់ផ្ដើមទំនាក់ទំនងការទូតរវាងកម្ពុជានិងកាតា។


 ជាការឆ្លើយតប ឯកអគ្គរាជទូត បានធ្វើគារវកិច្ច និងពាំនាំនូវការផ្ដាំផ្ញើសួរសុខទុក្ខ ពីនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស និង ប្រធានសភាកាតា ជូនចំពោះសម្តេចតេជោនិងប្រជាជនកម្ពុជា និងសូមអបអរសាទរសម្តេចចំពោះ ដែលទទួលបានតួនាទីថ្មី ជាប្រធានព្រឹទ្ធសភានៃកម្ពុជា។


 ឯកអគ្គរាជទូត បានថ្លែងអំណរគុណចំពោះសម្តេច និងបានលើកឡើងថាជាកិត្តិយសណាស់ដែល ឯកឧត្ដម បានចូលជួបសម្តែងការគួរសមជាមួយសម្តេចនៅថ្ងៃនេះ ហើយសង្ឃឹមថាកាតានឹងមាននិវេសដ្ឋាននៅកម្ពុជានៅពេលខាងមុខ ។


 ឯកឧត្ដម បានប្ដេជ្ញាថានឹងខិតខំបង្កើនទំនាក់ទំនងការទូតឱ្យបានមានកម្រិតខ្ពស់ជាងមុន ពង្រីកទំនាក់ទំនង ជាមួយនឹងកម្ពុជា ពិសេសនៅលើវិស័យសន្តិសុខស្បៀង ដោយសារថាកម្ពុជាគឺជាប្រទេសដែលផលិតស្បៀង។


 សម្ដេចតេជោ បានសម្តែងការអរគុណ ចំពោះការពាំនាំ ការផ្ដាំផ្ញើសួរសុខទុក្ខពីនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីការបរទេស និង សភារបស់កាតាជូនសម្ដេច ។


 សម្ដេចបានសម្ដែងការសោកស្ដាយដោយមិនបានចូលរួមក្នុងកម្មវិធីបើកព្រឹត្តិការណ៍ World Cup ចុងក្រោយនៅកាតា ដោយសារសម្តេចជាប់រវល់កិច្ចការជាប្រធានអាស៊ាន និងបានជូនបាល់ទាត់ដែលបានប្រើក្នុងវគ្គចុងក្រោយនៅក្នុងព្រឹត្តិការណ៍ World Cup ជូន សម្ដេចទុកជាអនុស្សាវរីយ៍។


 សម្ដេចតេជោ បានរំឭកថា សម្តេច បានជួបរដ្ឋមន្ត្រីការបរទេសកាតា នៅពេលកម្ពុជាជាម្ចាស់ផ្ទះ និង ប្រធានអាស៊ានឆ្នាំ២០២២ នៅភ្នំពេញ ។


 នៅពេលនោះ កាតាបានចុះហត្ថលេខាលើកិច្ចព្រមព្រៀង TAC (Treaty of Amity and Cooperation) ជាមួយនឹងអាស៊ាន ។


 សម្ដចតេជោ បានលើកឡើងថា ប្រទេសយើងទាំងពីរមានកិច្ចការធ្វើច្រើន ដោយសារថាកាតាជាប្រទេសដែលមានសន្តិសុខថាមពល ហើយកម្ពុជាជាប្រទេសធានាបាននូវសន្តិសុខស្បៀង មានផលិតផលកសិកម្មច្រើនជាពិសេសគឺស្រូវ និងគ្រាប់ស្វាយចន្ទីដែលកម្ពុជាជាប្រទេសផលិតគ្រាប់ស្វាយចន្ទីច្រើនជាងគេ ។


 កម្ពុជាមានគោលការណ៍ពិសេសអនុញ្ញាតឱ្យក្រុមហ៊ុនបរទេសប្រមូលទិញស្រូវ ស្តុកទុកក្នុងឃ្លាំង បើករោងចក្រកិនស្រូវ និង កែច្នៃ វេចខ្ចប់ ហើយនាំចេញទៅក្រៅប្រទេស និងមានវិធានភាពអនុគ្រោះជាច្រើនដល់វិនិយោគិនពីបរទេស។ សម្ដេចតេជោ បានរំឭកថាកាតាគួរតែចាប់ផ្ដើមហោះហើរឡើងវិញនូវ Qatar Airline បន្ទាប់ពីបានផ្អាកដំណើរការដោយសារកូវីដកន្លងទៅ ដើម្បីឱ្យការទំនាក់ទំនងរវាងប្រជាជននិងប្រជាជន ក៏ដូចជាការនាំភ្ញៀវពីតំបន់មជ្ឈិមបូព៌ានិងអឺរ៉ុបមកកាន់កម្ពុជា ហើយក៏នាំភ្ញៀវពីកម្ពុជានិងតំបន់អាស៊ានទៅកាន់កាតាវិញផងដែរ។


 ឯកអគ្គរាជទូតបានថ្លែងអំណរគុណចំពោះ សម្តេច ដែលបានពន្យល់យ៉ាងក្បោះក្បាយអំពីបរិយាកាសវិនិយោគ ឯកឧត្ដម បានគូសបញ្ជាក់ថាមូលហេតុដែលឯកឧត្ដម មកទីនេះគឺដើម្បី គាស់នូវអ្វីៗដែលជាផលប្រយោជន៍ប្រទេសទាំងពីរឱ្យមានដំណើរការឡើងវិញ។


 ឯកឧត្ដម សន្យាថានឹងខិតខំទាក់ទាញវិនិយោគិន ពីកាតា មកកម្ពុជាក៏ដូចជានាំវិនិយោគិនពីកម្ពុជាទៅកាតា ដើម្បីពិនិត្យមើលលទ្ធភាពដែលអាចសហប្រតិបត្តិការវិនិយោគ ។


 ឯកអគ្គរដ្ឋទូតបានលើកឡើងថាកំពុងតែស្វែងយល់ពីកត្តាអនុគ្រោះអ្វីខ្លះដែលធានាដល់ការវិនិយោគរបស់កាតានៅកម្ពុជា។


 កាតាមានលទ្ធភាពនៃការវិនិយោគលើវិស័យច្រើនដូចជា វិស័យថាមពល ប្រេង ឧស្ម័ន វិស័យហេដ្ឋារចនាសម្ព័ន្ធ ការកសាងមន្ទីរពេទ្យ ព្រលានយន្តហោះ និងវិស័យផ្សេងៗជាច្រើនទៀត ហើយកាតាក៏កំពុងពិនិត្យ សិក្សាពី Qatar Airlines ចាប់ដំណើរការឡើងវិញ ដោយលើកពីភាពអនុគ្រោះដែលទេសចរកាតាទៅតំបន់ផ្សេងៗ។


 សម្ដេចតេជោ បានលើកឡើងថា ទំនាក់ទំនងរវាងប្រទេសពីរ គឺពឹងផ្អែកទៅលើទំនាក់ទំនងខាងសេដ្ឋកិច្ច ពេលណា ទំនាក់ទំនងសេដ្ឋកិច្ចរឹងមាំ ទំនាក់ទំនងខាងនយោបាយក៏រឹងមាំទៅតាមនោះដែរ ។


 សម្ដេចតេជោ ជម្រុញឱ្យពិនិត្យមើលលទ្ធភាពរវាងប្រទេសទាំងពីរ ទី១) ឱ្យមានកិច្ចព្រមព្រៀងការពារវិនិយោគ ដើម្បីផ្តល់ទំនុកចិត្តដល់វិនិយោគិន ទី២)ឱ្យមានកិច្ចព្រមព្រៀងស្តីពីការពុំយកពន្ធត្រួតគ្នា ហើយកាន់តែប្រសើរជាងនេះទៅទៀត បើអាចធ្វើបាន សម្រេច កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី ដូចដែលកម្ពុជាបានធ្វើជាមួយ ចិន កូរ៉េ អារ៉ាប៊ីសាអូឌីត។ ក្នុងឱកាសនេះដែរ សម្ដេចតេជោ ក៏បានធ្វើការសំណេះសំណាលគ្នាអំពីស្ថានភាពនៅមជ្ឈឹមបូព៌ាផងដែរ។


 ជាចុងក្រោយ សម្តេចតេជោ សូមឱ្យ ឯកឧត្ដម ឯកអគ្គរាជទូត ពាំនាំការផ្ដាំផ្ញើការសាកសួរសុខទុក្ខរបស់សម្តេច ថ្វាយជូនព្រះមហាក្សត្រ ជូនប្រធានសភានិងនាយករដ្ឋមន្ត្រីនៃរដ្ឋកាតា ហើយសង្ឃឹមថាទំនាក់ទំនងនៃប្រទេសទាំងពីរកាន់តែប្រសើរឡើងបន្ទាប់ពីវត្តមានរបស់ ឯកឧត្ដម ឯកអគ្គរាជទូត នាពេលនេះ ។


 ឯកអគ្គរាជទូត ក៏បានសន្យាថា នឹងមកកម្ពុជាឱ្យញឹកញាប់ និង បានសម្ដែងនូវការកោតសរសើរចំពោះ សម្ដេចតេជោ ដែលយល់ច្បាស់ពីយុទ្ធសាស្ត្រក្នុងការដឹកនាំកម្ពុជា ពីប្រទេសដែលមានសង្គ្រាម ទៅជាប្រទេសដែលមានសន្តិភាពពេញលេញ និងការអភិវឌ្ឍ។ បន្ទាប់ពីបញ្ចប់ជំនួប ជំនួសឱ្យការខកខាមិនបានចូលរួមរបស់សម្តេចតេជោ ឯកអគ្គរាជទូតនៃរដ្ឋកាតា(State of Qatar) ប្រចាំព្រះរាជាណាចក្រកម្ពុជា បានជូនបាល់ទាត់ដែលត្រូវបានប្រើនៅក្នុងការប្រកួតវគ្គចុងក្រោយនៃព្រឹត្តិការណ៍ World Cup ២០២២ ក្នុងប្រទេសកាតា ជូន សម្ដេចតេជោ ប្រធានព្រឹទ្ធសភា ទុកជាអនុស្សាវរីយ៍៕










Previous Post Next Post