ការវិលត្រឡប់មកវិញនៃព្រលឹងដូនតាខ្មែរយើង! សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានគូសបញ្ជាក់ថា ថ្ងៃនេះជាខួបមួយឆ្នាំនៃរាជរដ្ឋាភិបាលនីតិកាលថ្មី ហើយក្នុងមួយឆ្នាំនេះរាជរដ្ឋាភិបាល អាចថែរក្សាការពារបានយ៉ាងមុតមាំនូវសុខសន្តិភាព និងស្ថេរភាពសង្គម និងសេចក្តីសុខជូនប្រជាពលរដ្ឋ កត្តាសុខសន្តិភាពនេះមានសារៈសំខាន់ណាស់សម្រាប់ជាតិខ្មែរ យើងត្រូវរួមគ្នាថែរក្សាឱ្យបានយូរអង្វែង។
សម្តេចបានថ្លែងបញ្ជាក់ឱ្យប្រជាពលរដ្ឋ អង្គុយស្រម៉ៃមើលថា តើរូបបដិមាទាំងនេះហេតុអីបានជាចេញពីស្រុកខ្មែរបាន? សម្តេចបញ្ជាក់ថា គឺដោយសារយើងបែកបាក់គ្នា ហើយបើសិនជាយើងមានសុខសន្តិភាព ចោរមិនអាចលួចទៅបានរូបធំៗដូចនេះទេ។
«និមិត្តរូបនៃការជួបជុំគ្នានេះ ហើយអ្វីដែលខួបមួយឆ្នាំរបស់រាជរដ្ឋាភិបាលគឺយើងអាចរក្សាបាននូវស្ថេរភាព សន្តិភាព និងសេចក្តីសុខជូនប្រជាពលរដ្ឋ ដូចថ្ងៃនេះយើងអាចប្រារព្ធនូវពិធីនេះបានដោយសារទូទាំងប្រទេសមិនមានភ្លើងសង្គ្រាម មិនមានការបែកបាក់ សូម្បីតែកាបែកបាក់នៅតាមមូលដ្ឋាន បែកបាក់ចិត្តគំនិត, ដែលយើងបានរួមគ្នាទទួលនូវព្រលឹងបុព្វបុរសយើងដោយស្មារតីភាព ក្រោមម្លប់សន្តិភាព នេះគឺជាមោទនភាព»។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានបន្ថែមថា សមិទ្ធផលថ្ងៃនេះបានឆ្លុះបញ្ជាំងឱ្យឃើញពីការប្តេជ្ញាចិត្តខ្ពស់របស់រាជរដ្ឋាភិបាល និងពីសារៈសំខាន់នៃកិច្ចសហប្រតិបត្តិការដ៏ល្អជាមួយបណ្តាប្រទេសនានា និងសហគមន៍អន្តរជាតិ នៅក្នុងយុទ្ធនាការជាសាកល ដើម្បីប្រយុទ្ធប្រឆាំងនិងអំពើចោរកម្ម ការចររាចរណ៍ និងការជួញដូរខុសច្បាប់នៃសម្បត្តិវប្បធម៍។
រូបថតដោយ ម៉េង គឹមឡុង និងគល់ រ៉េនី