ដំណើរទស្សនកិច្ចទិសឦសានផ្សារភ្ជាប់បូរណភាពទឹកដី និងអធិបតេយ្យជាតិកម្ពុជាដែលរៀបចំឡើងដោយរាជរដ្ឋាភិបាលកម្ពុជាក្រោមគាំទ្រ និងឧបត្ថម្ភដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត និងការចូលរួមចំណែកឧបត្ថម្ភពីសប្បុរសជន មិនត្រឹមតែទទួលបានការចាប់អារម្មណ៍ពីយុវជនទេ ប៉ុន្តែពលរដ្ឋដែលមានវ័យចំណាស់ក៏បានចូលរួមផងដែរ។
ដូនចាស់ឈ្មោះ ហេង ទាង អាយុ ៨៤ ឆ្នាំបានចូលរួមដំណើរទស្សនកិច្ចនេះដែរក្រោមការជួយសម្របសម្រួលចុះឈ្មោះជូនគាត់តាមរយៈកូនៗរបស់គាត់។
ដូនចាស់ ហេង ទាង បានបង្ហាញការសប្បាយចិត្តដែលមិននឹកស្មានថាបានមកដល់តំបន់ព្រំដែនឡើយ និងបានបង្ហាញការជឿជាក់ក្រោយបានឃើញបង្គោលព្រំដែន។
ដូនចាស់ ហេង ទៀង បានថ្លែងថា៖ «ពេលបានមកឃើញបង្គោលព្រំដែនដោយផ្ទាល់ដូច្នេះ ខ្ញុំមានភាពជឿជាក់ និងមានការសប្បាយចិត្ត និងលែងខ្វល់ទៀតហើយ។ អ្នកដែលបានមកដល់ព្រំដែនគឺពិតជាមានសំណាងណាស់។ ខ្ញុំជឿថាយើងអាចការពារទឹកដីយើងបាន»។
ដូនចាស់ ហេង ទាង បានថ្លែងបន្តថា៖ «ខ្ញុំសូមផ្តាំផ្ញើដល់យុវជន សូមខិតខំប្រឹងប្រែងរៀនសូត្រ និងជឿជាក់លើសម្តេចហ៊ុន សែន សម្តេចហ៊ុន ម៉ាណែត និងរៀនសូត្រឱ្យបានយល់ដឹង កុំជឿលើអ្នកខាងក្រៅដែលចេះតែភូតភរយើងទេ។
យើងត្រូវជឿជាក់លើខ្លួនយើង។ ពីមុនខ្ញុំមិនបានដឹងទេ ទើបពេលនេះ បានមកឃើញបង្គោលព្រំដែន និងផ្លូវថ្នល់ដែលបានកសាងឡើង»។
សូមបញ្ជាក់ថានៅថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២៤ នេះ សាធារណជនជាព្រះសង្ឃ ប្រជាពលរដ្ឋ និស្សិត បញ្ញវន្តសរុបប្រមាណ ២០០ នាក់ បាននិងកំពុងចូលរួមដំណើរទស្សនកិច្ចទិសឦសានផ្សារភ្ជាប់បូរណភាពទឹកដី និងអធិបតេយ្យភាពជាតិ លើកទី២ នៅក្នុងខេត្តត្បូងឃ្មុំ ខេត្តក្រចេះ និងខេត្តមណ្ឌលគិរី ដោយមានការធ្វើបទបង្ហាញពីកិច្ចការបោះបង្គោលខណ្ឌសីមាព្រំដែនគោករវាងប្រទេសកម្ពុជជា និងវៀតណាម ពីសំណាក់ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន និងជាប្រធានក្រុមការងារសម្របសម្រួលដំណើរទស្សនកិច្ច និងឯកឧត្តម ឡាំ ជា រដ្ឋមន្ត្រីនៃរដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន ដើម្បីផ្តល់ព័ត៌មានត្រឹមត្រូវច្បាស់លាស់ពីការងារខណ្ឌសីមាព្រំដែនគោករបស់កម្ពុជា និងប្រទេសជិតខាង។
ដំណើរទស្សនកិច្ចផ្សារភ្ជាប់ទឹកដី និងអធិបតេយ្យភាពជាតិ និងបូរណភាពទឹកដីកម្ពុជាតាមបណ្តាខេត្តនាទិសឦសាន្តក្នុងតំបន់ត្រីកោណអភិវឌ្ឍន៍ (DTA) ដែលមានក្រចេះ និងមណ្ឌលគិរី ស្ទឹងត្រែង និងរតនគិរី ដែលមានចម្ងាយផ្លូវទាំងទៅ ទាំងមកជាង ៧០០គីឡូម៉ែត្រ លើកទី២ នេះកាន់តែមានការចាប់អារម្មណ៍ខ្ពស់ពីសំណាក់សាធារណជន។ ដំណើរទស្សនកិច្ចទិសឦសានដោយឥតគិតថ្លៃលើកទី២ លើតម្រាយផ្លូវតាមបណ្តោយព្រំដែនក្នុងខេត្តត្បូងឃ្មុំ ក្រចេះ និងមណ្ឌលគិរី។
កម្មវិធីដំណើរកម្សាន្តទៅកាន់ទិសឦសាន ដោយឥតគិតថ្លៃនេះ មិនតម្រូវឱ្យមានការបង់ប្រាក់អ្វីនោះទេ។ រាល់ការចំណាយលើការធ្វើដំណើរ អាហារ ភេសជ្ជៈ និងការស្នាក់នៅ គឺនឹងផ្តល់ជូនដោយឥតគិតថ្លៃ។
រាល់ការចំណាយទាំងអស់ ពាក់ព័ន្ធនឹងដំណើរទស្សនកិច្ចនេះ គឺឧបត្ថម្ភដោយ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត និងការចូលរួមចំណែកឧបត្ថម្ភពីសប្បុរសជនដូចជាក្រុមហ៊ុនទឹកបរិសុទ្ធវីតាល ក្រុមហ៊ុនចុងភៅ សេង ហុកហេងដែលបានផ្តល់អាហារពេលព្រឹក និងក្រុមហ៊ុនភេសជ្ជៈបាកាស ដោយមិនប៉ះពាល់ដល់កញ្ចប់ថវិការដ្ឋ ឬកញ្ចប់ថវិកាមូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែននោះទេ៕