ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន និងជាអ្នកសម្របសម្រួលរៀបចំដំណើរទស្សនកិច្ចសិក្សានៅតាមបណ្តាខេត្តតាមបណ្តោយព្រំដែននាទិសឦសាន្ត បានថ្លែងថា ដំណើរទស្សនកិច្ចផ្សារភ្ជាប់ទឹកដី និងអធិបតេយ្យភាពជាតិ និងបូរណភាពទឹកដីកម្ពុជាតាមបណ្តាខេត្តនាទិសឦសាន្តមានក្រចេះ និងមណ្ឌលគិរី ស្ទឹងត្រែងនិងរតនគិរី ដែលមានចម្ងាយផ្លូវទាំងទៅ ទាំងមកជាង ៧០០គីឡូម៉ែត្រ លើកទី១ បានទទួលការចាប់អារម្មណ៍ខ្ពស់ពីសំណាក់សាធារណជន។
ឯកឧត្តមរដ្ឋមន្ត្រី បានបន្តថា ដំណើរទស្សនកិច្ចទិសឦសានដោយឥតគិតថ្លៃលើកទី១ លើតម្រាយផ្លូវតាមបណ្តោយព្រំដែនក្នុងខេត្តត្បូងឃ្មុំ ក្រចេះ និងមណ្ឌលគិរី ត្រូវបានធ្វើឡើងនៅថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២៤ ដោយមានការចូលរួមពីសាធារណជនប្រមាណ២០០នាក់ ដែលជាប្រជាពលរដ្ឋ និស្សិត ព្រះសង្ឃ និងបញ្ញវន្តនានា។
ជាមួយគ្នានេះដែរ ឯកឧត្តម នេត្រ ភក្ត្រា បានបញ្ជាក់ថា នេះជាសៀគ្វីទស្សនកិច្ចទិសឦសាន ១ ក្នុងចំណោម ៣ ដែលត្រូវបានរៀបចំដើម្បីផ្តល់ឱកាសដល់សាធារណជនបានទៅទស្សនានិងស្វែងយល់ដោយផ្ទាល់នៅតាមបណ្តោយព្រំដែន។
តម្រាយផ្លូវ២ សម្រាប់ទស្សនកិច្ចទិសឦសានដោយឥតគិតថ្លៃនេះគឺទស្សនកិច្ចខេត្តស្ទឹងត្រែង និងរតនគិរី និងមួយទស្សនកិច្ចខេត្តក្រចេះ និងមណ្ឌលគិរី ដែលទស្សនកិច្ចទៅកាន់តំបន់ ២ នេះនឹងត្រូវសម្រាកនៅតំបន់នោះមួយយប់។
ឯកឧត្តមរដ្ឋមន្ត្រី នេត្រ ភក្ត្រា ប្រធានអ្នកសម្របសម្រួលរៀបចំដំណើរទស្សនកិច្ចសិក្សាទិសភាគឦសាន្ត បានលើកឡើងថា ក្នុងដំណើរទស្សនកិច្ចនាថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២៤ អ្នកចូលរួមបានទស្សនាជាក់ស្តែងនូវបង្គោលព្រំដែន ផ្លូវក្រវាត់ព្រំដែន រួមនឹងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ និងការអភិវឌ្ឍនៅក្នុងបណ្តាខេត្តភូមភាគឦសាន ជាមួយការធ្វើបទបង្ហាញ និងការពន្យល់ពាក់ព័ន្ធនឹងកិច្ចការងារព្រំដែន និងការកសាងផ្លូវក្រវាត់ព្រំដែនដោយមន្ត្រីនៃរដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន និងកងវិស្វកម្ម ក៏ដូចជាបទបង្ហាញពីឯកឧត្តមអភិបាលខេត្តត្បូងឃ្មុំ ក្រចេះ និងមណ្ឌលគិរីផងដែរ។
ឯកឧត្តម នេត្រ ភក្ត្រា បានបន្ថែមថា ដំណើរទស្សនកិច្ចមួយថ្ងៃនេះបានធ្វើឱ្យបងប្អូនប្រជាពលរដ្ឋបានស្គាល់ពីទឹកដី និងខណ្ឌសីមាព្រំដែនគោករបស់ខ្លួនយ៉ាងច្បាស់លាស់ និងបានយល់ពីសារៈសំខាន់នៃការកសាងផ្លូវក្រវាត់ព្រំដែន។
មួយថ្ងៃនៃដំណើរទស្សនកិច្ចបានធ្វើឱ្យអ្នកចូលរួមទទួលបានព័ត៌មានគ្រប់ជ្រុងជ្រោយ និងអស់មន្ទិលសង្ស័យលើបញ្ហាទឹកដី។
ឯកឧត្តម នេត្រ ភក្ត្រា បានគោរពថ្លែងអំណរគុណចំពោះសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី និងលោកជំទាវបណ្ឌិតដែលបានឧបត្ថម្ភគាំទ្រចំពោះដំណើរទស្សនកិច្ចដ៏មានសារៈសំខាន់នេះ។
សូមបញ្ជាក់ថា កម្មវិធីដំណើរកម្សាន្តទៅកាន់ទិសឦសាន ដោយឥតគិតថ្លៃនេះ មិនតម្រូវឱ្យមានការបង់ប្រាក់អ្វីនោះទេ។
រាល់ការចំណាយលើការធ្វើដំណើរ អាហារ ភេសជ្ជៈ និងការស្នាក់នៅ គឺនឹងផ្តល់ជូនដោយឥតគិតថ្លៃ។