សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញជាអធិបតី ចូលរួម ប្រគល់វិញ្ញាបនបត្រសម្បទាខាងវិជ្ជាជីវៈមេធាវីដល់សិស្សមេធាវីជំនាន់ទី ១៥ ដល់ជំនាន់ទី ១៩ និង ប្រគល់វិញ្ញាបនបត្រ សុក្រឹតការវិជ្ជាជីវៈមេធាវីដល់សិក្ខាកាមមេធាវីវគ្គទី៣ ដល់វគ្គទី១៦ សរុបចំនួន ១ ៦៦០ នាក់។
វិជ្ជាជីវៈមេធាវី ជាតួអង្គមួយយ៉ាងសំខាន់ក្នុងការចូលរួមបម្រើវិស័យយុត្តិធម៌។
បេសកកម្មរបស់មេធាវី គឺចូលរួមក្នុងការរៀបចំនីតិរដ្ឋ ពង្រឹងយុត្តិធម៌សង្គម និងការពារសិទ្ធិមនុស្ស។ ទោះបីជាវិជ្ជាជីវៈមេធាវីជាវិជ្ជាជីវៈ សេរី និងឯករាជ្យ ប៉ុន្តែវិជ្ជាជីវៈនេះ ត្រូវស្ថិតក្នុងក្របខ័ណ្ឌច្បាប់ និងវិធានវិជ្ជាជីវៈ។
វិជ្ជាជីវៈមេធាវីនិយាយដោយឡែក ជាតួអង្គមួយយ៉ាងសំខាន់ក្នុងការចូលរួម លើកកម្ពស់យុត្តិធម៌សង្គម និងពង្រឹងនីតិរដ្ឋតាមរយៈការជួយការពារក្តីជូនជនក្រីក្រ និងជនងាយរងគ្រោះដោយឥតគិតកម្រៃ ការផ្តល់ការពិគ្រោះយោបល់ផ្នែកច្បាប់ដល់ជនក្រីក្រ កម្មករនិយោជិត គ្រូបង្រៀនដោយឥតគិតកម្រៃ និងការផ្សព្វផ្សាយច្បាប់ជាមូលដ្ឋានដល់រដ្ឋបាលក្រុង ស្រុក ខណ្ឌ មន្ត្រីនគរបាលយុត្តិធម៌ថ្នាក់មូលដ្ឋាន ក្រុមប្រឹក្សាឃុំ សង្កាត់ ថ្នាក់ដឹកនាំភូមិ និងសាធារណជនទូទៅ។
រាជរដ្ឋាភិបាលអាណត្តិទី៧នៃរដ្ឋសភា បាន កំណត់យកអាទិភាពគន្លឹះចំនួន ៥ គឺ មនុស្ស ផ្លូវ ទឹក ភ្លើង និងបច្ចេកវិទ្យា ពិសេសបច្ចេកវិទ្យាឌីជីថល។
ដូច្នេះ ការបណ្តុះបណ្តាលវិជ្ជាជីវៈ ដល់សិស្សមេធាវី និងសិក្ខាកាមមេធាវី ពិតជាបានឆ្លើយតបទៅនឹងយុទ្ធសាស្ត្រ បញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល ជាពិសេសបានឆ្លើយតបទៅនឹងកម្មភាពដែលបានកំណត់ក្នុងមុំទី៤ អាទិភាពការងារទី១ “លើកកម្ពស់សមត្ថភាពធនធានមនុស្សក្នុងវិស័យយុត្តិធម៌ ដើម្បីបង្កើនប្រសិទ្ធភាពការងារ ប្រសិទ្ធភាពបរិមាណ គុណភាព និងភាពឆាប់រហ័សនៃការដោះស្រាយវិវាទក្នុង និងក្រៅប្រព័ន្ធតុលាការ”។
រាជធានីភ្នំពេញ ព្រឹកថ្ងៃព្រហស្បតិ៍ ទី៥ កញ្ញា ២០២៤