ភ្នំពេញ៖ ឯកឧត្តម កឹមរ័ត្ន វិសិដ្ឋ នាយករងខុទ្ទកាល័យសម្តេចធិបតី ហ៊ុន ម៉ាណែត , រដ្ឋលេខាធិការទីស្តីការគណៈរដ្ឋមន្ត្រី និងជាប្រធានក្រុមប្រឹក្សាភិបាល វេទិកាសម្ព័ន្ធសង្គមស៊ីវិល (វ.ស.ស) និង ឯកឧត្តម កើត ឆែ អភិបាលរងរាជធានីភ្នំពេញ បានអញ្ជើញជាអធិបតី វេទិកាសន្ទនាជាមួយអង្គការសង្គមស៊ីវិល នៅក្នុងរាជធានីភ្នំពេញ ក្នុងគោលបំណងស្វែងយល់ពីសុខទុក្ខ និងដើម្បីពង្រឹងពង្រីកភាពជាដៃគូសហការ នៅព្រឹកថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៤ នៅរាជបណ្ឌិត្យសភាកម្ពុជា ដែលមានការអញ្ជើញចូលរួមពីអាជ្ញាធរ និងតំណាងអង្គការ សមាគមជាច្រើនរូប។
ឯកឧត្តម កឹមរ័ត្ន វិសិដ្ឋ បានថ្លែងថា សង្គមស៊ីវិលជាសសរស្តម្ភដ៏សំខាន់មួយ ក្នុងការចូលរួមចំណែកអភិវឌ្ឍន៍សង្គមជាតិ តាមរយៈ ការលើកកម្ពស់សុខុមាលភាពប្រជាពលរដ្ឋ និងជំរុញការអភិវឌ្ឍសេដ្ឋកិច្ចសង្គម ឱ្យមានការរីកចម្រើនប្រកបដោយចីរភាព ហើយរាជរដ្ឋាភិបាលតែងតែផ្តល់សារៈសំខាន់ខ្ពស់ ចំពោះតួនាទី និងការចូលរួមចំណែក របស់អង្គការសង្គមស៊ីវិលនៅកម្ពុជា។
ឯកឧត្តមប្រធាន (វ.ស.ស. ) បានក្រើនរំលឹកដល់ អង្គការសង្គមស៊ីវិល បន្តកិច្ចសហការឱ្យកាន់តែជិតស្និទ្ធបន្ថែមទៀត ជាមួយ ក្រសួង-ស្ថាប័ន និងអាជ្ញាធរមូលដ្ឋាន និងត្រូវពង្រឹងសាមគ្គីភាពផ្ទៃក្នុង ឈរលើមនសិការ និងឆន្ទៈការងារ ដោយគោរពច្បាប់ លិខិតបទដ្ឋានគតិយុត្តនានា លក្ខន្តិកៈ និងអនុស្សរណៈរបស់ខ្លួន ព្រមទាំងបន្តដើរតួនាទីជាដៃគូអភិវឌ្ឍន៍ដ៏ល្អ របស់រាជរដ្ឋាភិបាល ក្នុងការចូលរួមចំណែកអភិវឌ្ឍសង្គមជាតិ ជាពិសេសគឺ ការអនុវត្តយុទ្ធសាស្រ្តបញ្ចកោណដំណាក់កាលទី១ សំដៅនាំកម្ពុជាសម្រេចបានចក្ខុវិស័យឆ្នាំ២០៣០ជា ប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់ និងឆ្នាំ២០៥០ជា ប្រទេសមានចំណូលខ្ពស់។
ឯកឧត្តម កើត ឆែ អភិបាលរងរាជធានីភ្នំពេញ បានវាយតម្លៃខ្ពស់ដល់ អង្គការសង្គមស៊ីវិល និងដៃគូអភិវឌ្ឍន៍ទាំងអស់ ក្នុងការរួមចំណែកអភិវឌ្ឍសេដ្ឋកិច្ចសង្គម នៅមូលដ្ឋានក្នុងរាជធានីភ្នំពេញ។
ឯកឧត្តមបានឱ្យដឹងថា គិតត្រឹមដើមឆ្នាំ២០២៤នេះ សមាគម និងអង្គការមិនមែនរដ្ឋាភិបាល ដែលមានស្នាក់ការកណ្ដាល នៅក្នុងរាជធានីភ្នំពេញ មានចំនួនសរុប ៣.៥៨២ អង្គភាព បាននឹងកំពុងប្រតិបត្តិការសកម្មភាពរបស់ខ្លួនដោយរលូន ស្របតាមច្បាប់ជាធរមាន ហើយជាការកត់សម្គាល់ សមាគម និងអង្គការមិនមែនរដ្ឋាភិបាលទាំងអស់ គ្មានការដាក់កំហិតលើសិទ្ធិ សេរីភាព និងបេសកកម្មរបស់ខ្លួន ដែលមានចែងក្នុងច្បាប់ និងលក្ខន្តិកៈដែលបានតម្កល់ទុក នៅក្រសួងមហាផ្ទៃនោះឡើយ៕